ម្សិលមិញនេះ ចំថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០២០ គេប្រទះឃើញ ថៅកែហាងពេជ្រ បានបង្ហោះសារមួយ ដោយដាក់ប៉ុន្មានម៉ាត់នេះ ចំៗ ច្បាស់ៗ ទាក់ទងការមើលងាយរបស់អ្នកដទៃ លោកស្រីបានបញ្ជាក់ប្រាប់ និងផ្តាំ នូវពាក្យដ៏មានន័យប៉ុន្មានម៉ាត់ថា ៖


“បងប្អូនជឿទេ ការមើលងាយរបស់អ្នកដទៃ អាចជាប្រយោជន៍ដល់យើង បើយើងគិតត្រូវ ខ្ញុំមិនដឹងថា ប៉ុន្មាននាក់ ដែលធ្លាប់គេមើលងាយ មើលងាយតាមរបៀបណា? គេមិនមើលមុខ គេមិននិយាយរក គេធ្វើមិនស្គាល់ ឬគេនិយាយដៀលចំៗ ថាក្រ មិនឱ្យនៅក្បែរ បើយើងគិតច្រើន យើងប្រាកដជាបាក់ទឹកចិត្ត ព្រោះនឹកឃើញថាខ្លួនឯងមិនគួរអន់ដល់ថ្នាក់ហ្នឹង តែតាមពិត ការមើលងាយ គ្មានរូបរាង មិនធ្វើឱ្យយើងឈឺចាប់ផ្លូវកាយ ហើយពេលខ្លះ មកពីយើងគិតខ្លួនឯងក៏ថាបាន។


បើយើងចំណាយពេលអន់ចិត្តជាមួយអ្នកមើលងាយយើងនោះ គឺយើងបានចាញ់គេតាំងពីមិនទាន់ប្រកួតម្លេស។ ជាមនុស្ស មានតម្លៃស្មើគ្នា យើងមិនដឹងថាគេមានអីខ្លះ គេក៏មិនដឹងថាយើងមានអីខ្លះ។ ពេលខ្លះ មកពីយើងមិនទាន់បានប្រើវា បើយើងគិតថាគេមើលងាយចំណុចណា យើងត្រូវធ្វើឱ្យចំណុចនោះខ្លាំងជាងមុន កុំអង្គុយតែតូចចិត្ត កុំអង្គុយតែគិតច្រើន តែត្រូវប្រឹងធ្វើវិញ។

បើគ្មានការមើលងាយ ក៏គ្មានការឈឺចាប់ គ្មានការប្រកួតប្រជែង ដើម្បីឱ្យខ្លាំងជាងមុន រីកចម្រើនជាងមុន។ ប៉ុន្តែអ្នកខ្លះ គិតថាគេមើលងាយ ទៅជាបាក់ទឹកចិត្តទៅវិញ។ ខ្ញុំឆ្លងកាត់អស់ហើយ តែខ្ញុំមិនដែលតូចចិត្ត ខ្ញុំខាំមាត់ ខំគិតថា ថ្ងៃណាមួយខ្ញុំនឹងប្រសើរជាងគេវិញ ខ្ញុំនឹងដើរទៅមុនគេវិញ ហើយខ្ញុំនឹងបង្ហាញគេថា រឿងទៅខាងមុនមើលមិនឃើញ។

ជឿខ្ញុំទៅ កុំចំណាយពេល គិតពីមនុស្សមិនល្អជុំវិញខ្លួន ត្រូវខំប្រឹងដោយខ្លួនឯង ដើរឱ្យដល់គោលដៅ។ ពេលគេសើចយើង ហើយយើងដល់គោលដៅមុន នោះហើយជារឿងដ៏មានន័យបំផុត”៕


Loading...